មានលុយច្រើនក៏មិនអាចទិញបាន

មានលុយច្រើនក៏មិនអាចទិញបាន។
មានកម្លាំងខ្លាំងក៏មិនអាចដណ្ដើមយកពីអ្នកដទៃបាន។
មានជំនាញប្រើអាវុធក៏មិនអាចប្លន់ពីអ្នកផ្សេងបាន។
ធ្វើឲ្យគេអាណិតក៏មិនអាចសុំសេចក្ដីសុខពីគេបាន។

ព្រោះសេចក្ដីសុខអាចកើតមានបានដោយសារការសាងបង្កើតចេញពីខ្លួនឯង។ គ្មានទីផ្សារដាក់លក់សេចក្ដីសុខនោះទេ ពីព្រោះសេចក្ដីសុខមានតម្លៃលើសពីលុយកាក់ មាសប្រាក់ ទ្រព្យធនទាំងអម្បាលដែលយើងមាន។ កុំយកសេចក្ដីសុខរបស់យើងទៅប្រៀបធៀបនឹងសុខរបស់អ្នកដទៃ ពីព្រោះគេអាចសុខដោយបានទទួល តែយើងអាចសុខដោយសារតែការផ្ដល់ឲ្យ។ គេមានសេចក្ដីសុខតាមបែបផែនរបស់គេ ឯយើងមានសេចក្ដីសុខតាមបែបផែនរបស់យើង។ យើងគិតថាមានលុយច្រើន មានគេគោរពកោតក្រែង មានទ្រព្យ មានឡាន មានវីឡា បានឡើងផ្សារទំនើបវាជាសេចក្ដីសុខ។ ប៉ុន្តែអ្នកខ្លះទៀតគ្រាន់តែបានធ្វើសេចក្ដីល្អតិចតួច ​ទទួលបានពាក្យលើកទឹកចិត្ត ឬក៏ការជួបជុំជាមួយមនុស្សសំខាន់ៗក្នុងជីវិតគេ នោះក៏ជាសុខមួយបែបទៀតសម្រាប់គេដែរ។

ជីវិតនៅថ្ងៃនេះជាជីវិតថ្មីម្ដងទៀត សង្ឃឹមថាយើងនឹងចេះរស់នៅដោយបង្កើតក្ដីសុខឲ្យខ្លួនឯង ព្រោះមានតែពេលដែលយើងមានក្ដីសុខក្នុងខ្លួនទេ ទើបយើងអាចចែករំលែកវាទៅឲ្យអ្នកដទៃ និងទទួលបានក្ដីសុខបន្ថែម។ គ្មានជនណាម្នាក់នាំយកសេចក្ដីសុខដែលយើងចង់បាននោះមកឲ្យយើងឡើយ៕

រក្សាសិទ្ធដោយ៖ កូន ចាបមាស

Leave a Reply

Your email address will not be published. Required fields are marked *