តណ្ហា​នាំ​មុខ​ ងងឹត​ជ្រប់​ក្នុង​កាម​

សេចក្តី​ស្រឡាញ់​រវាង​ស្រី​និង​ប្រុស​ តាម​ការ​ពិត​គឺ​ សេចក្តី​ប្រាថ្នា​ ព្រោះ​ត្រូវ​ការ​ចង់​បាន​មក​ឲ្យ​ខ្លួន​ឯង​ ។ សេចក្តី​ប្រាថ្នា​នេះ​ហៅ​ថា “កាម” ប្រព្រឹត្ត​ទៅ​ដើម្បី​យក​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​មក​គ្រប់​គ្រង​ហួង​ហែង​ ជា​ការ​ចុះ​ទុន​ដោយ​ការ​សង្ឃឹម​ផល​តប​ស្នង​ពី​អ្នក​ម្ខាង​ទៀត ។ ដូច​ជា​ពាក្យ​និយាយ​ថា ” ខ្ញុំ​ស្រឡាញ់​អ្នក​ ” មាន​សេចក្តី​បង្កប់​នៅ​ក្នុង​ចិត្ត​អ្នក​និយាយ​គឺ​ ” ខ្ញុំ​ (​ត្រូវ​ការ​សេចក្តី​) ស្រឡាញ់​ (​អំពី​) អ្នក ” ហ្នឹង​ឯង​ ។

បើ​អ្នក​ម្ខាង​ទៀត​ មិន​សម្តែង​សេច​ក្តី​ស្រឡាញ់​ ឬ​មិន​មាន​ទំនាក់​ទំនង​ក្នុង​ការ​ស្រឡាញ់​តប​មក​វិញ​ទេ​នោះ​ គេ​នឹង​ខូច​ចិត្ត​ថ្លើម​ ហើយ​ពោល​រំលឹក​ៗ​នូវ​ទឹក​ចិត្ត​ព្រម​ទាំង​អំពើ​របស់​គេ​ ដូច​ជា​ថា ” ខ្ញុំ​ឧ​ស្សា​ហ៍​ជួយ​ទំនុក​បម្រុង​ដល់​អ្នក​ ខ្ញុំ​លះបង់​នូវ​អ្វី​ៗ​ច្រើន​យ៉ាង​ដើម្បី​អ្នក​ ខ្ញុំ​ស្មោះ​ចំពោះ​… ហេតុ​ដូច​ម្តេច​បាន​ជា​មិន​យល់​ មិន​ឃើញ​ មិន​ស្រណោះ​ដល់​ទឹក​ចិត្ត​របស់​ខ្ញុំ​អ៊ី​ចឹង​ ” ដូច្នេះ​ជា​ដើម​ ។ នេះ​ជា​ការ​សម្តែង​ឲ្យ​ឃើញ​ថា​ ការ​ចុះ​ទុន​គឺ​ដើម្បី​សង្ឃឹម​ផល ដល់​ទៅ​មិន​បាន​ការ​ស្រឡាញ់​តប​ក៏​ខូច​ចិត្ត​ ពិ​ត​ជា​ល្ងង់​មែន ។

ម៉្យាង​ទៀត​ សេច​ក្តី​ស្រឡាញ់​រវាង​ស្រី​នឹង​ប្រុស​នេះ គឺ​ជា​ធម្ម​ជាតិ​របស់​មនុស្ស​ដែល​មិន​បាន​លះ​នូវ​កាម​តណ្ហា​ ។ ដរាប​ណា​ ដែល​អ្នក​ទាំង​ពី​ឋិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រ​ពៃ​ណី​ជាតិ​ និង​ឋិត​នៅ​ក្នុង​សីល​ធម៌​ដ៏​ល្អ​ស្អាត​ ដរាប​នោះ​ វា​មិន​ជា​អ្វី​ឡើយ​នៅ​ក្នុង​សង្គម​មនុស្ស​នេះ​ ស្រឡាញ់​គ្នា​ទៅ​ចុះ​ បើ​ជា​គូ​គ្រង​ ឬ​គូ​ព្រេង​ជា​មួយ​គ្នា​ទៅ​ហើយ​នោះ កុំ​តែ​រំលោភ​បំពាន​ឆក់​ដណ្តើម​នូវ​កម្ម​សិទ្ធ​របស់​គេ។

ប្រភព៖​ ប៊ុត​ សាវង្ស

Leave a Reply

Your email address will not be published. Required fields are marked *